Lexus NX200T បុកឡានកូរ៉េ បណ្ដាលឲ្យឆេះខ្ទេចគ្មានសល់ និងមានអ្នករបួស ៣នាក់

0

ភ្នំពេញ៖ ក្រោមការបញ្ជាដឹកនាំ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យនគរបាល បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញរថយន្តអន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យឆេះរថយន្ត ១គ្រឿង បណ្តាលមកពីករណី គ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកជាមួយរថយន្ត) កើតហេតុនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០និង៤៤នាទី ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ចំពោះមូលហេតុ គឺបណ្ដាលមកពីករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus NX200T និងរថយន្តកូរ៉េ បណ្តាលឱ្យឆេះរថយន្ត Lexus NX200T ខូចខាតស្ទើរទាំងស្រុង និងរងរបួសចំនួន ៣នាក់។

បើតាមប្រភពពីលោកនាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោស្នងការ កម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យ ការិយាល័យជំនាញ ១គ្រឿង សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ ចុះអន្តរាគមន៍បាញ់ពន្លត់ ប្រើប្រាស់ទឹក ១រថយន្តស្មើនឹង ៧គូប ទើបរលត់ជាស្ថាពរ ១០០%។

ចំណែកមធ្យោបាយពាក់ព័ន្ធ ជំនាញបានយករថយន្តស្ទួច ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដោះស្រាយតាមនីតិវិធី ៕