អាណិតណាស់! ស្ត្រីជនជាតិហ្វាំងឡង់ម្នាក់ ជិះម៉ូតូធំសុខៗ ត្រូវឡានបុកស្លាប់ក្នុងថ្លុកឈាម

0

ភ្នំពេញ៖ នារីវ័យជនជាតិហ្វាំងឡង់ម្នាក់ កំពុងជិះម៉ូតូធំសុខៗ ស្រាប់តែត្រូរថយន្ត មួយគ្រឿងបុកពីក្រោយ ពេញទំហឹងបណ្ដាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ។

នារីរងគ្រោះឈ្មោះ Freya Melissa អាយុ២៤ឆ្នាំ ស្នាក់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើផ្លូវជាតិ លេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ១៥២-១៥៣ រវាងរថយន្ត និងម៉ូតូដែលមាន ទិសដៅស្របគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញនារីជាជនបរទេសបានបើកម៉ូតូ តែម្នាក់ឯង មកពីទិសខាងលិច។ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿង មកពីក្រោយ បានបុកម៉ូតូពេញទំហឹង រួចបង្កើនល្បឿន បើកគេចបាត់តែម្តង។ ចំណែកជនរងគ្រោះ បានស្លាប់នៅលើថ្នល់ ក្បែរម៉ូតូយ៉ាងអាណោចអធ័មបំផុត។

សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ តែមិនទាន់កំណត់ភិនភាគ រថយន្តបង្កបាននៅឡើយទេ ។ ដោយឡែក ម៉ូតូជនរងគ្រោះម៉ាក Aprillia ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BQ-0261 ត្រូវបានយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕