ភ្នំពេញ៖ ពិតជាថ្លើមធំមែន ជនអនាមិកមួយក្រុម បានយករូមរបស់ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធំ៍ ទៅដាក់តាំងក្នុង Cover និង Profile ក្នុងគោលបំណងអាក្រក់ណាមួយ ពីសំណាក់ក្រុមខ្លួន។
ចំពោះករីណីនេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ សូម ប្រកាសជាផ្លូវការថា ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីហ្វេសបុកក្លែងក្លាយ ឈ្មោះ Pol Gen ហើយបានយករូបលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដាក់រូប Cover និង រូប Profile។
ស្នងការនគរបាលខេត្ត កំពត សូមបដិសេធទាំងស្រុងចំពោះ គណនីហ្វេសប៊ុកខាងលើ ដែលជនអនាមិកបានបង្កើតឡើងក្នុងចេតនាទុច្ចរិតណាមួយ ហើយសូមអំពាវនាវដល់មហាជនមានការប្រុងប្រយ័ត្នចំពោះ គណនីហ្វេសបុក ឈ្មោះ Pol Gen (ក្លែងក្លាយ) ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ កំណត់អត្តសញ្ញាណ ជនខាងអនាមិក នោះមកផ្តន្ទាទោសឱ្យខានតែបាន៕
ដោយឡែកសម្រាប់ព្រឹកនេះផងដែរ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធំ៍ បានសេចក្តីជូនដំណឹង ពីករណី Facebook Account ក្លែងក្លាយ ឈ្មោះ កែវ ភក្តី បានប្រើប្រាស់រូបភាពរបស់លោក ដោយគ្មានការអនុញ្ញាត ក្នុងការផ្សព្វផ្សាយរូបភាព និងព័ត៌មានវាយប្រហាររដ្ឋាភិបាល។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា នឹងមិនទទួលខុសត្រូវឡើយ រាល់រូបភាពនិងព័ត៌មាន ដែលផ្សព្វផ្សាយនៅលើ Account ក្លែងក្លាយមួយនេះ និងសូមសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្ន៕







