ភ្នំពេញ៖ មើលឃើញរថភ្លើងបើកមកជិតដល់ហើយ តែឡានបែនដឹកដីនៅតែ បើកបំពានឆ្លងផ្លូវទៅម្ខាងទៀត តែអកុសលឆ្លងមិនផុត ត្រូវរថភ្លើងបុករុញគាបជាប់គ្នា រងការខូចខាត ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ១១ព្រឹក ថ្ងៃទី៧ សីហា នៅក្នុងភូមិភ្លើងឆេះរទះលិច សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបែនដឹក មួយគ្រឿងពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A 4157 ធ្វើដំណើរស្របជាមួយផ្លូវរថភ្លើង បន្ទាប់មកក៏មានរថភ្លើងមួយខ្សែ រត់ពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ មកពីក្រោយទាំងស៊ីផ្លេមិនឈប់ ភ្លាមនោះស្រាប់រថយន្តបួង ចង្កូកបត់ស្តាំឆ្លងផ្លូវរថភ្លើង ខណៈជិតផុតស្រាប់តែរថភ្លើងមកដល់ បុកគាបជាប់គ្នា សំណាងមិនមានមនុស្សរងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ និងទាក់ទងទៅជំនាញ មកស្ទូចរថយន្តចេញយកទៅរក្សាទុក រង់ចាំតំណាងរថភ្លើងមក ដោះស្រាយជាមួយម្ចាស់រថយន្ត ៕







