ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន ៤នាក់ដែលតែងធ្វើឲ្យ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក្តៅក្រហាយព្រោះតែការបាត់បង់ ទ្រព្យសម្បតិ្តរបស់ពួកគាត់ ទីបំផុតអស់លក្ខណ៍ជាប់អន្ទាក់ នគរបាលនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីឈ្មោះ មេន មៀត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរ ថាមានចោរបានលូចលួចម៉ូតូកង់បីចំនួន ២គ្រឿងរបស់គាត់ ក្នុងបរិវេណផ្ទះ លោកបានចាត់តាំងកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាល ចុះស្រាវជ្រាវមុខសញ្ញាដែលបានធ្វើសកម្មភាព លួចកាត់ច្រវាក់យកម៉ូតូដែលមាន រូបភាពក្នុងកាម៉ារ៉ាសុវត្ថិភាព ។
ប្រភពដដែលបន្តថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៦ខែសីហា ឆ្នាំ២០២១មាន៖ ១/-ឈ្មោះ ស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ, ២/-ស្នាក់ឈ្មោះម៉ៅ ឡុង ហៅអាឆ្កែ ភេទប្រុសអាយុ១៨ឆ្នាំ ,៣/-ឈ្មោះសុខ ថេតភេទប្រុសអាយុ៣៦ឆ្នាំ,៤/-ឈ្មោះសុខ ធី ភេទប្រុស ។ ជនសង្ស័យទាំង ៤នាក់ស្នាក់នៅភូមិអូរនាង សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ។
លោកអធិការបានបញ្ជាក់ថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ ឆ្លងតាមការពិនិត្យសំណាករកមេរោគកូវីដ-១៩ គឺអវិជ្ជមាន ប៉ុន្តែតែពិនិត្យរកសារធាតុញៀនគឺវិជ្ជមានទាំង ៤នាក់ ហើយក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាល បានដកហូតម៉ូតូកង់បី ដែលជនសង្ស័យបានលួចយកទាំង ២គ្រឿង។
ជនសង្ស័យត្រូវបានកម្លាំង នគរបាលជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ នឹងស្នើសុំការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕

