ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីធ្វើការដុតកម្ទេច កាំភ្លើងកែឆ្នៃជាង ១៤០ដើម ដែលកាំភ្លើងទាំងនេះ គឺដកហូតបានជាបន្តបន្ទាប់ ពីអ្នកល្មើសច្បាប់។
លោកឧត្តមសេនីត្រី ប៊ុន ផេង ស្នងការរងទទួលការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យបានថ្លែងថា កាំភ្លើងដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុប ១៤០ដើម។ កំាភ្លើងទាំងនេះគឺបានប្រមូលពីប្រជាពលរដ្ឋទាំង ៩ស្រុក/ក្រុងក្នុងខេត្ត ដែលប្រព្រឹត្តបទល្មើស និងអ្នករក្សាទុកដើម្បីបាញ់កណ្ដុរ សត្វផ្សេងៗ តាំងពីឆ្នាំ២០១៧ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដុតកម្ទេចកាំភ្លើងកែឆ្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណា ឱ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ និងអំពើល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋានជូនពលរដ្ឋនិងសង្គម។
លោកស្នងការ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការច្នៃផលិតឬរក្សាទុកកាំភ្លើងកែឆ្នៃ និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ ត្រូវសហការណ៍និងប្រគល់ជូនសមត្ថកិច្ច បើ ក្នុងករណីរកឃើញថា មានបទល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ៕




