កម្ពុជា ស្នើឲ្យថៃ ផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ពីគម្រោងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំ

0

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ដើម្បីឲ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត ។

ការស្នេីសុំនេះធ្វេីឡេីងក្នុងឱកាសដែលលោកស្រី ភឿង សកុណា ជួបពិភាក្សាការងារជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ សីហា នៅទីស្ដីការក្រសួង ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ លើវិស័យវប្បធម៌ទ្វេភាគី និងពហុភាគី រួមមាន សកម្មភាពមហោស្រព វប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ សកម្មភាពវប្បធម៌អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាជាប្រធានប្តូរវេន។

នាឱកាសនោះ កិច្ចពិភាក្សា ក៏បានលើកឡើងផងដែរពីករណីព័ត៌មានស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និង សារព័ត៌មានផ្សព្វផ្សាយ ថាមានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។ ក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តី បានស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ដើម្បីឲ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមាន ណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរាជទូតថៃ បានទទួលយកសំណើ និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ។

ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា លោកស្រីរដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរ ចំពោះការចុះបញ្ជី ព្រៃ Kaeng Krachan របស់ថៃក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ៕