ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២២នាក់ និងរថយន្តម៉ូតូជាច្រើនគ្រឿង ដើម្បីយកសំណាក និងដកហូតទាំងរថយន្ត ខណៈពេលដែលជួបប្រមូលផ្តុំគ្នាផឹក នៅភោជនីយដ្ឋាន “តាសេត” ល្មើសនឹងវិធានការសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ ១៩។
ការចុះឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ប្រមាណ៣រសៀល ថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២១ នៅចំណុច ភោជនីយដ្ឋាន(តាសេត )ដែលស្ថិតនៅ តាមផ្លូវ កែវចិន្តា ក្នុង ក្រុម១ ភូមិ ទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមព័ត៌មាន ឲ្យដឹងថា រថយន្តស៊េរីទំនើបៗ ប្រមាណជា១៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការហ៊ុមព័ទ្ធ ខណៈពេលដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹក នៅខាងក្នុងហាងល្មើសនឹងវិធានការសុខាភិបាល និង សេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងនោះមនុស្សប្រុសស្រីចំនួន ២២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ឃាត់ទុករួចហៅក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីយដ្ឋានតែម្តង។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេល កើតហេតុ ខណៈពេល ដែលកំពុងតែផឹកស៊ីស្រីញីអូនបងសប្បាយ ក្អាកក្អាយស្រាប់តែ សមត្ថកិច្ច ចុះទៅដល់ ប្រមូលអោយនៅម្តុំតែម្តង។
តាមព័ត៌មានឲ្យដឹងថា នៅក្នុងរថយន្តប្រមាណ១៣គ្រឿង មានរថយន្ត ម៉ាកហ្ស៊ិប ពាក់ស្លាកលេខ ខេមរៈ ភូមិន្ទ០១ .២. ៩៥៥៨មួយគ្រឿង ផងដែរ។ ក្រៅពីនោះបុគ្គលិក ក៏ត្រូវក្រុមគ្រូពេទ្យ យកសំណាក់ផងដែរ។