កម្ពុជា ស្នើអង់គ្លេស ផ្តល់ជំនួយវ៉ាក់សាំង និងជួយសម្រួល ដល់ការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រ្តីនៃកម្ពុជា បានស្នើទៅភាគីអង់គ្លេស ឱ្យផ្តល់ជាជំនួយមនុស្សធម៌ ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជា នៅក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់ នាពេលអនាគត។

ការស្នើរនេះធ្វើឡើង ក្នុងឱកាស អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចក្រភពអង់គ្លេសចំនួន ៤១៥,០០០ដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាដ៏ដូចជាប្រទេសជាច្រើន បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា វ៉ាក់សាំងរបស់អង់គ្លេស ដែលផ្ដល់ជូនក្នុងឱកាសនេះ នឹងប្រើប្រាស់សម្រាប់ចាក់ដូសទី៣ ឬដូសជំរុញ។

ឆ្លៀងក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានផ្ដល់នូវវ៉ាក់សាំងជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា វ៉ាក់សាំង Oxford Astra Zeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស បានដឹកមកដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១៕