ប៉ងប្លន់មិនបានសម្រេច រត់ចោលស្រុករាប់ឆ្នាំ ស្រាប់តែឃើញជនសង្ស័យដើរ ប្ដឹងសមត្ថកិច្ចចាប់ខ្លួនតែម្ដង

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសូមជម្រាបជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ គ្រួសារ រីករាយដែលបានរាយការណ៍សុំអន្តរាគមន៍ ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល «សូមជំរាបបងអធិការខេត្តកណ្ដាល សូមជួយខ្ញុំផង ជនក្នុងរូបនេះប៉ុន្មានឆ្នាំមុនបានប្លន់ អា ក ម្ដាយខ្ញុំបាទហើយរត់ចោលស្រុកយូរហើយ ទន្ទឹមនឹងនោះតុលាការខេត្តបានចេញដីកា ចាប់ខ្លួនហើយមិនទាន់ចាប់បាន តែប៉ុន្មានថ្ងៃមុននេះ ជននោះបានខលមកខ្ញុំ ហើយមានបំណងអាក្រក់មកលើខ្ញុំ ទើបតែឥឡូវខ្ញុំបានឃើញជននោះ នៅតាខ្មៅបានជាខ្ញុំមានការភ័យខ្លាច ដូចនេះសូមបងអធិការមេត្តាចាប់ខ្លួនវាផង» ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ចៅ វុឌ្ឍី នាយការិយាល័យ ស្រាវជ្រាវករណីខាងលើ។

យោងតាមការស្រាវជ្រាវ និងសាកសួរព័ត៌មានបន្ថែម ករណីខាងលើនេះ ជាករណី ប៉ុនប៉ងប្លន់ កើតហេតុនៅ ភូមិព្រែកតាអ៊ិន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ ។ -ជនរងគ្រោះឈ្មោះ ជី ហៀង ហៅត្រឺ ភេទស្រី អាយុ ៦៤ឆ្នាំអាយុ ពេលកើតហេតុ រស់នៅភូមិព្រែកតាអ៊ិន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។ -ជនសង្ស័យឈ្មោះ ហៀង បៀង ភេទប្រុស អាយុ៣១ឆ្នាំ អាយុពេលកើតហេតុ ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួនចេញពីមូលដ្ឋាន។

ករណីនេះជំនាញស្រុក បានកសាងសំណុំរឿងរួចរាល់បញ្ជូន ទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។ ក្រោយមកជំនាញ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ហៀង បៀង ភេទប្រុស អាយុ៣១ឆ្នាំ លេខ១៥៧៥ ដកបចខ/ចុះថ្ងៃទី២៦.វិច្ឆិកា.២០១០ ពីបទ ប៉ុនប៉ងប្លន់ ចេញដោយចៅក្រមស៉ើបសួរ ធ្ធាំ ប៊ុណ្ណា ។

ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានអញ្ជើញកូនជនរងគ្រោះ ដែលជាម្ចាស់គណនីហ្វេសបុកខាងលើ មកជួបដើម្បីសហការស្វែងរក ទីតាំងជនសង្ស័យខាងលើ។

រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលតាខ្មៅ បានធ្វើការចាប់ខ្លួន ឈ្មោះ ហៀង បៀង បាននៅវេលាម៉ោង ១១:០០នាទី ចំណុចផ្ទះជួល ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួចបញ្ជូនមកការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីបន្តនីតិវិធី ៕