ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ក្នុងចំណោមខេត្តទាំង៨រួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៤នាក់ និងស្លាប់ម្នាក់។ ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ មានឈ្មោះ អិន ចិន ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។
+ខេត្តពោធិ៍សាត់(មិនមានតួលេខ)
+ខេត្តប៉ៃលិន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ថ្មី និងជាសះស្បើយចំនួន ៥នាក់ ។
+ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៧នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៥៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១០៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៤៤នាក់ ស្លាប់៤៥នាក់។
+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០២នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ ១០៩នាក់ ។
+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៧៩នាក់ថ្មី ក្នុងនោះ (៧២ករណី សហគមន៍ និង០៧ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៥៥នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៩២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៤៦១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៤៦៤ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩៨៣នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩៣៤ នាក់ និងស្លាប់ចំនួន ០៨នាក់។
+ខេត្តព្រះវិហារ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់ និងមានករណីស្លាប់ម្នាក់។គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩ សរុប៦៣០នាក់ ស្រី២៨៨នាក់ កុមារ២២នាក់ និងអ្នកជាសះស្បើយ៣៤៦នាក់ ស្រី១៥៨ កុមារចំនួន១៣នាក់ និងស្លាប់ ០២នាក់ ។
+ខេត្តសៀមរាប នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៩០នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦២៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៤០៦នាក់ ស្លាប់៤៩នាក់ និង២២១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕