ភំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធក្នុង ករណីសង្ស័យប្រព្រឹត្តអំពើឃាតកម្ម បណ្ដាលឲ្យស្លាប់ និងរងរបួសជាច្រើនកន្លែង លើស្ត្រីម្នាក់ កាលពីថ្ងៃទី១ សីហា នៅចំណុចដីឡូតិ៍ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោក វ.ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលការងារ ស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះសហការជាមួយ អ.ហស្រុកកំពង់ត្រឡាចសរុបចំនួន ១០នាក់ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ កៃ រ៉ហ្វីអះ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណេកជនសង្ស័យឈ្មោះ សុង ស៊ុត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទិញ-លក់អេតចាយ ត្រូវជាបងថ្លៃជនរងគ្រោះ នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យករួមមាន៖ ទូរសព្ទដៃចំនួន ១គ្រឿង ម៉ាក Nokia ពណ៌ខ្មៅ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី ៕


