ខឹងរអ៊ូច្រើន រឿងមិនសូវជួយជីកគល់ធ្នង់ យុវជនម្នាក់វាយក្បាល បុរសម្នាក់ ២ដងចបរបួសធ្ងន់

0

ភ្នំពេញ៖ ខឹងជនរងគ្រោះរអ៊ូច្រើន ពីរឿងមិនសូវជួយជីកគល់ធ្នង់ ជនដៃដល់វាយ ២ដងចបកាបត្រូវក្បាលរបួសធ្ងន់ ជនរងគ្រោះម្នាក់បានរងរបួសធ្ងន់ ឯជនដៃដល់ព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្ទាក់ចាប់បាន បន្ទាប់ពីកើតមានអំពើហឹង្សាដោយចេតនា ដែលកើតឡើងវេលាម៉ោង ៥និង១០នាទីភ្លឺ ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១ នៅចំណុចគោកស្វាយចម្ងាយប្រហែល ២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ដំបូងមនុស្ស ១ក្រុមគ្នីគ្នាចំនួន ៥នាក់មាន៖១/-ឈ្មោះ ច្រឹក ឆវន្ត អាយុ២២ឆ្នាំ,២/-ឈ្មោះ វុធ រ៉ាវីន ប្រុសអាយុ២៩ឆ្នាំ,៣/-ឈ្មោះ ហួ ម៉ាប់ ប្រុសអាយុប្រហែល៣១ឆ្នាំ,៤/-ឈ្មោះ ច្រឹក ឆវ៉ាត់ ប្រុសអាយុ២៥ ឆ្នាំទាំង ៤នាក់ មានទីលំនៅបែកចានចាស់ ឃុំស្វាយចេក ,៥/-ឈ្មោះ ងោល ប្រុសអាយុប្រហែល ៣០ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុពួកគេទាំង ៥នាក់ បាននាំគ្នាទៅជីកគាស់ដើមធ្នង់ នៅចំណុចគោកស្វាយចម្ងាយប្រហែល ២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក នៅពេលកំពុងតែជីកគាស់គល់ធ្នង់នោះ ឈ្មោះ ងោល ជាជនរងគ្រោះ បានរអ៊ូដាក់ឈ្មោះ ច្រឹក ឆវ៉ាត់ ថាមិនសូវជួយជីក ពេលដែលបានលុយមិនត្រូវយក ស្មើគេដែលជាអ្នកខំជីកនោះទេ ។ ដោយលឺដូច្នោះឈ្មោះ ច្រឹក ឆវ៉ាត់ ជាជនដៃខឹង ក៏បានវាយទៅលើឈ្មោះ ង៉ោល ដែលកំពុងជីកគាស់គល់ធ្នង់ ដោយពុំដឹងខ្លួនចំនួន ២ដងចបកាប់ត្រូវចំក្បាល បណ្តាលឲ្យបែកហូរឈាមជោកខ្លួន ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលស្រុស្វាយចេក បានចេញអន្តរាគមន៍ចាប់ឃាត់ខ្លួនជនដៃដល់ បានបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននរបាលខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៕