ភ្នំពេញ៖ កុមារីអាយុ ១២ឆ្នាំ ដែលឳពុកម្ដាយរាយការណ៍ថា ប្រទះឃើញសាកសពកូនស្រី បន្ទាប់ពីបានធ្វើអត្តឃាតខ្លួនឯងនោះ ពេលនេះត្រូវបានសមត្ថកិច្ច ស៊ើបអង្កេតដឹងការពិតហើយ ជាករណីឃាតកម្ម ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អង្គភាពការពារកុមារ (CPU) បានរៀបរាប់ថា ករណីកុមារីអាយុ ១២ឆ្នាំធ្វើអត្តឃាត ត្រូវបានយើងបើកការ ស៊ើបអង្កេតជាករណីឃាតកម្ម។ ក្រុមការងារចម្រុះ ត្រូវបានបង្កើតឡើង។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទី នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឪពុកម្តាយរបស់ជនរងគ្រោះ បានត្រលប់មកផ្ទះហើយរាយការណ៍ថា បានប្រទះឃើញសាកសពកូនស្រី បន្ទាប់ពីបានធ្វើអត្តឃាតខ្លួន។ កម្លាំងសមត្ថកិច្ចបានទទួលដំណឹង ហើយបានចុះពិនិត្យកន្លែងកើតហេតុ ជាមួយការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ការសង្ស័យមួយចំនួនត្រូវបានលើកឡើង ពាក់ព័ន្ធជាមួយស្ថានភាព សាកសពពេលដែលរកឃើញ និងមូលហេតុនៃការស្លាប់។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយកន្លែងកើតហេតុត្រូវបានកំណត់, ហំព័ទ្ធ និងការពារ។ នាពេលព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១, ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសនិងវិទ្យាសាស្រ្ត (FST) បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ហើយចូលរួមពិនិត្យកោសល្យ វិច័យកន្លែងកើតហេតុ និងសាកសព។
ជាលទ្ធផល ក្រុមការងារចម្រុះ HOTEL21 ត្រូវបានបង្កើតឡើងដើម្បី ធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្ម នៃកុមាររងគ្រោះ។
លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា ពត៌មានបន្ថែមនៅពេលក្រោយ «ភ័ស្តុតាងជាក់ស្តែងនៅកន្លែងកើតហេតុ និងនៅលើសាកសពបានបង្ហាញយើងថា នេះមិនមានជាអំពើអត្តឃាតនោះទេ ហើយជាលទ្ធផល យើងបានបង្កើតជាក្រុមការងារចម្រុះ ដើម្បីធ្វើការស៊ើបអង្កេតជាករណីឃាតកម្មវិញ» ៕