ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា មិនមែនអ្នកសារព័ត៌មាន ត្រូវតែមានសញ្ញាបត្រ និងអ្វីៗនោះទេ ព្រោះពាក្យថាសិទ្ធិធ្វើសារព័ត៌មាន ជាសិទ្ធិដែលធានាដោយ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហេីយធានាជូនប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើជាអ្នកកាសែត បានទាំងអស់ ប៉ុន្តែសម្រាប់ធ្វើកាសែត ក៏មានច្បាប់និងក្រឹត្យក្រម ដែលត្រូវអនុវត្តន៏តាម ។
ក្នុងឱកាសបើកវេទិកា ពិភាក្សាសារព័ត៌មាន ក្រោមប្រធានបទ “ក្រមសីលធម៌ នៃការ ផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា «ក្រមសីលធម៏ គឺជាអាវក្រោះ របស់អ្នក សារព័ត៌មាន បេីរក្សាតំលៃបាន គឺនៅដដែល មិនមែនអ្នកសារព័ត៌មាន ត្រូវតែមានសញ្ញាបត្រ និងអ្វីៗនោះទេ ព្រោះពាក្យថាសិទ្ធិធ្វើសារព័ត៌មាន ជាសិទ្ធិដែលធានាដោយ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហេីយធានាជូនប្រជាពល រដ្ឋគ្រប់រូប ដែលធ្វើជាអ្នកកាសែត បានទាំងអស់ ប៉ុន្តែសម្រាប់ធ្វើកាសែត ក៏មានច្បាប់និងក្រឹត្យក្រម ដែលត្រូវអនុវត្តន៏តាម» ។
លោករដ្ឋមន្រ្តី បន្តថា «បុគ្គលណាយល់ឃើញថាបុគ្គល ឬអង្គភាពសារព័ត៌មាន បានផ្សាយបំពាន ប៉ះពាល់ដល់ជីវិតឯកជនរបស់ខ្លួន ធ្វើឲ្យខ្លួនខាតបង់ ធ្វើឲ្យខ្លួនមានការអាម៉ាស គឺអាចប្តឹងទៅ ប្រពន្ធ័តុលាការផ្ទាល់ ដោយខ្លួនឯង ពីព្រោះនេះមិនមែន ជាសេរីភាពសារព័ត៌មានទេ ហើយក៏មិនស្ថិតក្រោមកិច្ច អន្តរាគមន៍របស់ក្រសួងព័ត៌មានដែរ។ ក្រសួងព័ត៌មានមិនមែនជាតុលាការ និងមិនមែនជាមន្ត្រីយុត្តិធម៌ទេ កាលណា មានការប៉ះលើបញ្ហាឯកជន កិត្តយស សេចក្តីថ្លៃថ្នូរ បុគ្គល ហើយយល់ឃើញថាអត្ថបទ ឬការអត្ថធិប្បាយនោះ ធ្វើឲ្យខាតបង់ប្រយោជន៍ របស់ខ្លួនគ្រួសារ ខ្លួន គឺមានសិទ្ធប្តឹង អ្នកសារព័ត៌មាន ឬអង្គភាពព័ត៌មាន ទៅតុលាការ តែម្តង »។
លោក ខៀវ កាញារីទ្ធ បញ្ចាក់ថា «បច្ចុប្បន្ននេះ អ្នកកាសែតមួយចំនួន មិនបានរៀនសូត្រវិជ្ជាជីវៈត្រឹមត្រូវរទេ សំខាន់ឲ្យតែបានទាញចំណាប់អារម្មណ៍។ សេរីភាពអ្នកសារព័ត៌មាន ឈប់ត្រឹម សេរីភាពរបស់គេ។ ការនិយាយដេីមគេ មិនមែនជាសេរីភាពទេ ។ យេីងមាន សេរីភាព ប៉ុន្តែកុំឲ្យប៉ះ សេរីភាពរបស់គេ»៕