លោកយាយ និងលោកតា អាយុជាង ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩

0

ភ្នំពេញ៖ លោកយាយ ថោង ក្រឹម អាយុ១០៣ឆ្នាំ និងលោកតា គង់ ចាន់ អាយុ១០០ឆ្នាំ អ្នកទាំងពីររស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានមក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅទីតាំងវិទ្យាល័យស្រអែម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

លោក សាប់ ប៊ុន សឿន អាយុ៥៧ឆ្នាំ ជាកូនស្ត្រីចំណាស់ឈ្មោះ ថោង ក្រឹម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា លោកជាកូនទី៧ ក្នុងចំណោមកូនទាំង៨នាក់ ។

លោកបញ្ជាក់ថា សុខភាពរបស់ម្តាយគាត់សព្វថ្ងៃល្អធម្មតា អាចប្រកបការងារផ្សេងៗ បានពេលខ្លះក៏អាចឡើង ដើមរាំងបេះត្រួយទៀតផង។ ការមកចាក់វ៉ាក់សាំងនេះ គឺគាត់មកដោយស្ម័គ្រចិត្តខ្លួនឯង គ្មាននរណាបង្ខិតបង្ខំទេ។

ដោយឡែកបុរសម្នាក់ឈ្មោះ កែវ សុន អាយុ៤៨ឆ្នាំ ត្រូវជាកូនប្រុសពៅ របស់បុរសចំណាស់គង់ ចាន់ បានរៀបរាប់ឱ្យដឹងថា គាត់មានកូន៣នាក់ ។ ថ្វីត្បិតតែពេលនេះ គាត់មានអាយុ១០០ឆ្នាំ ក៏ពិតមែន តែសុខភាពរបស់លោកតាល្អធម្មតា អាចធ្វើកិច្ចការផ្សេងៗបាន។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺគាត់មកចាក់ដោយស្ម័គ្រចិត្ត និងបង្ខំឱ្យកូនៗដឹកមកចាក់ទៀតផង ៕