ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ចុះដកលុយនៅទូ ATM មិនពន្លត់ម៉ាស៊ីនរថយន្ត ចេញមកវិញបាត់រថយន្ត បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ៩យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ Wei Shuangma អាយុ៧៩ឆ្នាំ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់រថយន្តខាងលើ បានបើករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ស្លាកលេខ 2S-6160 ពណ៌ប្រផេះ បានចតរថយន្តបញ្ឆេះចោល នៅមុខធនាគារ «ឈីហ្វ» រួចចូលទៅដកលុយ ពេលដកលុយរួច ចេញមកវិញស្រាប់តែបាត់រថយន្តតែម្តង ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌច្បារអំពៅ២ ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍ ៕