ហួសថ្លែង! បុរសម្នាក់ហៅក្មេងស្រីអាយុ ១៤ឆ្នាំ ឲ្យជួយធ្វើការក្នុងផ្ទះ បែរជាយកទៅវាយដំ ចាប់រំលោភ

0

ភ្នំពេញ៖ បុរសម្នាក់ ហៅក្មេងស្រីអាយុ ១៤ឆ្នាំ នៅក្បែរផ្ទះ ឲ្យមកជួយធ្វើការងារក្នុងផ្ទះ ពេលនាងចូលដល់ក្នុងផ្ទះ បានធ្វើសកម្មភាព វាយដំ និងចាប់រំលោភ ។ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជនល្មើស។

កាលពីថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ១២រសៀល មានបុរសជាអ្នកជិតខាងម្នាក់ បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ ជាកុមារីអាយុ១៤ឆ្នាំ បានចូលទៅជួយ។ លុះចូលដល់ក្នុងផ្ទះ ក៏ត្រូវគេវាយ ហើយរំលោភ។ ជនរងគ្រោះបានតដៃ ព្យាយាមរំដោះខ្លួន ប៉ុន្តែជនល្មើសបានយកញញួរមកវាយ ទៅលើជនរងគ្រោះយ៉ាងខ្លាំង បង្កអោយសន្លប់បាត់ស្មារតី។

ជនល្មើសបានខ្ទាស់សោរផ្ទះ ទុកជនរងគ្រោះនៅខាងក្នុង ហើយរត់គេចខ្លួន។ នៅវេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររក។ អ្នកជិតខាងបាន ឮសម្លេងស្រែករកជំនួយ មកពីក្នុងផ្ទះជនល្មើស ក៏បានគាស់បើកទ្វារ ហើយឃើញជនរងគ្រោះ ក្នុងស្ថានភាពធីងធោង និងមានរបួសធ្ងន់ជាច្រើនកន្លែង នៅលើផ្នែកក្បាល និងដងខ្លួន។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូនក្រុមការងារ ស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។ កន្លែងកើតហេតុត្រូវបានកំណត់ និងសំណាកវេជ្ជសាស្រ្តត្រូវបាន ប្រមូលពីវត្ថុតាងដែលមាន និងពីជនរងគ្រោះ។ ដោយសារស្ថានទម្ងន់នៃរបួស អង្គភាពការពារកុមារ (CPU) បានរៀបចំបញ្ជូនជនរងគ្រោះ មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ទាំងនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អង្គភាពការពារកុមារ (CPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានី។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រសួងមហាផ្ទៃ, និងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ GOLF21។ អត្តសញ្ញានជនល្មើសត្រូវបានកំណត់ ហើយបេសកកម្មស្វែងរក គឺកំពុងតែដំណើរការ ។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា «កុមារីនេះបានរងគ្រោះពីអំពើ វាយប្រហារយ៉ាងសាហាវ ដែលបង្កអោយមានរបួសយ៉ាងធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត ហើយក្នុងពេលបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពសន្លប់។ ជូនសម្រាប់ជនល្មើស ប្រសិនបើកំពុងតែអានសារនេះ ខ្ញុំណែនាំអោយមកប្រគល់ខ្លួន ដល់សមត្ថកិច្ចដែលនៅជិតបំផុត ព្រោះក្រុមការងារយើង នឹងធ្វើគ្រប់យ៉ាងដើម្បីស្វែងរកអ្នក វាគ្រាន់តែជារឿងមុនឬក្រោយទេ» ៕