ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២១ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោសាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរង ផែនការងារអន្តោប្រវេសន៍ បានដឹកនាំការិយាល័យជំនាញ រៀបចំបញ្ជូនជនបរទេសម្នាក់ទៅកាន់អគ្គនាយកដ្ឋាន អន្តប្រវេសន៍ក្រសួងមហាផ្ទៃ អនុវត្តតាមនីតិវិធី-ច្បាប់ ចំពោះករណីឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានធ្វើការពិនិត្យ សាកសួរចំពោះជនបរទេសចំនួន ២នាក់ ដែលរូបគាត់កំពុងធ្វើដំណើរដោយថ្មើរជើង ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយ មានជ័យក្នុងគោលដៅឆ្ពោះទៅរាជធានីភ្នំពេញដែលរូបគាត់ទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ TOLY ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី(គ្មានលិខិតឆ្លងដែន)
២-ឈ្មោះ HAL TONO ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី(គ្មានលិខិតឆ្លងដែន)។
ដោយសារស្ថានភាព នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ទើបសមត្ថកិច្ចនគរបាលនាំរូបគាត់ ទាំងពីរនាក់ទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យថ្មគោល ហើយនៅក្នុងអំឡុងពេលកំពុង ធ្វើចត្តាឡីស័កនេះជនបរទេសទាំងពីររូប បានរត់គេចខ្លួនចេញពី មណ្ឌលចត្តាឡីស័កនៅទីនោះ ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។
ដោយទទួលបានព័ត៌មានទាន់ពេលវេលា និងមានការសហការណ៍ ពីសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃដដែលនោះ សមត្ថកិច្ចនគរបាលស្រុកសង្កែ បានធ្វើការឃាត់ខ្លួនជនបរទេសទាំងពីររូបនេះ ក្នុងខណៈដែលរូបគាត់រត់គេចមកដល់ ភូមិសាស្រ្តស្រុកសង្កែ ហើយត្រូវបាននាំទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសង្កែ ។
ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅស្រុកសង្កែ ជនបរទេសឈ្មោះ HAL TONO ភេទប្រុសអាយុ ៣១ឆ្នាំ ត្រូវបានរក ឃើញថារូបគាត់មាន(វិជ្ជមាន)កូវីដ១៩ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ នាំរូបគាត់ទៅធ្វើការពិនិត្យនិង ព្យាបាលជម្ងឺកូវីដ១៩ នៅសាលាអនុវិទ្យាល័យសម្តេចឳ នាក្រុងបាត់ដំបងរហូតមក ។ រីឯជនបរទេសម្នាក់ទៀតឈ្មោះ TOLY ភេទប្រុសអាយុ ៣៨ឆ្នាំ ត្រូវបានធ្វើចត្តាឡីស័កគ្រប់រយៈពេលកំណត់ និងមិនមានពាក់ព័ន្ធករណីកូវីដ១៩ ទើបបញ្ជូនមកការិយាល័យជំនាញស៊ើបអង្កេត និងអនុវត្តនីតិវិធី រៀបចំឯកសារបញ្ជូនរូបគាត់ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសអនុវត្តតាមនីតិវិធី-ច្បាប់ ហើយឈ្មោះ HAL TONO ភេទប្រុសអាយុ ៣១ឆ្នាំ នឹងអនុវត្តដូច គ្នានៅក្រោយពេលដែលរូបគាត់ អនុវត្តវិធានការរបស់សុខាភិបាលរួចរាល់ ៕