ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត បានឃើញព័ត៌មានបង្ហោះ ផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីសង្ស័យប៉ុនប៉ង ប្រព្រឹត្តបទល្មើសសេពសន្ថវៈលើអនីតិជន នៅភូមិធ្នង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ព្រាប សាវី ស្នងការរង ដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ ទទួលបានលទ្ធផលដូចខាងក្រោម ៖
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញបានចុះជួបសម្ភាសន៍ ជាមួយម្តាយកុមារីរងគ្រោះឈ្មោះ វ៉េង ឫទ្ធី អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ (នៅភ្នំពេញ) និងកុមារីរងគ្រោះឈ្មោះ សឿន លីសា អាយុ១១ឆ្នាំ រួមជាមួយមិត្តភក្តិកុមារីរងគ្រោះចំនួន ២នាក់ផ្សេងទៀតដែលបាន ឃើញហេតុការណ៍នោះ។
ផ្អែកតាមការបំភ្លឺរបស់ភាគីជនរងគ្រោះ រួមទាំងសាក្សីដែលនៅកន្លែងកើតហេតុ កម្លាំងជំនាញបានធ្វើការសន្និដ្ឋានថា អាចជាករណីប៉ុនប៉ងប្រព្រឹត្តល្មើស សេពសន្ថវៈលើអនីតិជន ទើបស្នើសុំយោបល់ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ដើម្បីដំណើរការអនុវត្តជំនាញ។
បន្ទាបពីទទួលបានការយល់ព្រមពីព្រះរាជអាជ្ញា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ យ៉េង ហេង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិធ្នង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យ៉េង ហេង បានសារភាពថា ខ្លួនពិតជាបានហៅឱ្យកុមារីឈ្មោះ សឿន លីសា មកយកនំត្នោត ព្រមទាំងបានប្រាប់ឱ្យចូលទៅក្នុងទ្រុងមាន់ បន្ទាប់មកខ្លួនបានចូលតាមក្រោយរួចទាញទ្វារបិទ និងមានបំណងចាប់រំលោភសេពសន្ថវៈពិតប្រាកដមែន ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែក្មេងស្រីរងគ្រោះរើបម្រាស់ និងស្រែកយំរត់ចេញមកខាងក្រៅតែម្តង។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕