គ្មានដឹងកូវីដ! ចាប់ខ្លួនចោរ លួចគោ ពលរដ្ឋ ដឹកតាមរថយន្ត

0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកស្វាយចេកឃាត់ខ្លួននៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ចំណុចមុខវិទ្យាល័យកកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី លួចសត្វគោ ពលរដ្ឋ៣ក្បាលដឹកតាមរថយន្ត។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌មានពី ប្រជាពលរដ្ឋ ឈ្មោះ វ៉ាត់ ផុន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យថា មានចោរចូលលួចសត្វគោញី របស់គាត់ចំនួន០៣ក្បាល ដែលចងទុកនៅនឹងផ្ទះ ដឹកតាមរថយន្តម៉ាកហុកឡកូរេ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត ២A ០៥៩៥ ។
លោកបានចាត់តាំង ចុះប្រតិបត្តិការត្រួតពិនិត្យ គ្រប់ផ្លូវចេញចូល ទៅភូមិប្រាសាទ លុះនៅវេលាម៉ោង០០និង៥៥នាទី ឈានចូលថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ឃើញរថយន្ត ដូចមានភិនភាគ ម្ចាស់គោបានរាយការណ៍ កំពុងបើកបរនៅលើផ្លូវជាតិលេខ៥៦A កម្លាំងនគរបាល បានធ្វើការឃាត់ត្រួតពិនិត្យ មានដឹកសត្វគោញី ចំនួន០៣ក្បាល ។

លោកអធិការបានបញ្ជាក់ថា ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ សោន ម៉ាញ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិស្នោ ឃុំតហរពាំងស្នោ ស្រុកព្រះវិហារ ខេត្តព្រះវិហារ យកមកអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីសួរនាំនិងចាត់ការ តាមនិតិវិធីច្បាប់ ។

ចំណែកសត្វគោទាំង០៣ក្បាល បានប្រគល់ជូនម្ចាស់ដើមវិញ៕