ប្រមុខការពារជាតិ ប្រាប់កងទ័ព អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ សុខាភិបាល ពេលចុះចាក់វ៉ាក់សាំង ជូនពលរដ្ឋតាមបណ្ដាខេត្ត

0

ភ្នំពេញ៖ ស្របពេលនៃការចុះចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ បណ្ដាខេត្តនានានោះ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១​ បានណែនាំមន្រ្តីក្រោមឱវាទ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ សុខាភិបាល ពេលចុះចាក់វ៉ាក់សាំង ជូនពលរដ្ឋតាមបណ្ដាខេត្ត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងាយ៉ាងដូច្នោះថា «អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៧៤១,៧៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំង គោលដៅ១០លាននាក់ បានចំនួន៦៧.៤២%។