ឃុំខ្លួនមនុស្ស២នាក់ បន្ថែមទៀត ពាក់ព័ន្ធករណី លួចបើកកន្លែងផឹកស៊ី បណ្ដាលឱ្យមានករណី ឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ

0

ភ្នំពេញ៖ ជនត្រូវចោទចំនួន ២នាក់ បន្ថែមទៀត ត្រូវបាន សាលាដំបូងខេត្តសៀមរាប បន្តចេញដីកាបង្គាប់ឱ្យឃុំខ្លួន ពីបទមិនគោរពវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត បានដាក់ចេញវិធានការ រដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ន នូវការជួបជុំប្រមូលផ្តុំគ្នា ពិសារគ្រឿងស្រវឹង គ្រប់ប្រភេទ និងមណ្ឌលកំសាន្ត មនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណា ដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងៗទៀត។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន ១ករណីបន្ថែមទៀត ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងហេងហេង បាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ មកសាកសួរពីដំណើររឿង នៃការលួចបើកកន្លែងផឹកស៉ីខាងលើ។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០២នាក់ ត្រូវបានចៅក្រមសើបសួរ សាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១តែម្តង។

ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួន ទាំង០២រូប ដូចមានរាយនាមខាងក្រោម៖
១-ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២។
២-ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ម្ចាស់អាជីវកម្មទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

សូមម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើង វិលទៅរកប្រក្រតីភាព ឡើងវិញ៕