ចាប់ខ្លួនមេខ្យល់ នាំមនុស្សឆ្លងដែនខុសច្បាប់២នាក់ នៅព្រំដែនកម្ពុជា-ថៃ

0

ភ្នំពេញ៖ មុខសញ្ញាមេខ្យល់ រត់ពន្ធមនុស្សខុសច្បាប់ ពីរនាក់ ត្រូវបានកម្លាំងនគរបាល ការពារព្រំដែនគោក បុស្តិ៍បឹងសាគូ នៃវរៈនគរបាលការពារព្រំដែនលេខ 911 សហការជាមួយនឹងកម្លាំងយោធាកងពលលេខ51 ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង 4:30 ទៀបភ្លឺព្រឹកថ្ងៃទី ២៤ ខែកក្កដាឆ្នាំ២០២១នេះ ខណៈពួកគេកំពុងព្យាយាម លួចធ្វើសកម្មភាព នាំមនុស្សឆ្លងដែនខុសច្បាប់ ចេញពីទឹកដីថៃចូលមកប្រទេសកម្ពុជា។

លោកលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងសាគូ បានឲ្យដឹងថាជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ៖

១/-ឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២/-ឈ្មោះ សាន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ ។

លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅចំណុចមុខកាស៊ីណូDNA ក្នុងភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងដកហូតបានវត្ថុតាងដូចជា ទូរស័ព្ទដៃ01គ្រឿង មានសារជាសម្លេងឆ្លើយឆ្លងគ្នា រវាងមេខ្យល់ខ្មែរនិងមេខ្យល់នៅខាងថៃចាំទទួលមនុស្សនៅខាងក្រោយផ្សារឡុងក្លឿ(ប្រទេសថៃ) និងម៉ូតូ01គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ2019 ពណ៌ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យមេខ្យល់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី ៕