ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែខិតខំរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជោគជ័យតាមផែនការ ប្រយោជន៍នាំទៅដល់ភាពស៊ាំ នៅក្នុងសង្គម និងសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ញើញក្នុងពីធីទទួលជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ជប៉ុន នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះដោយតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចឱ្យបាននូវ ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយដែលពេទ្យអនុញ្ញាតឱ្យចាក់»។
សម្តេចតេជោ បន្ថែមថា «បើចាក់១២លាននាក់យើងមាន៧៥ភាគរយ បើចាក់១៣លាននាក់ យើងនឹងមានចំនួនដល់ទៅ៨១.២៥ភាគរយ ដូច្នេះយើងនឹងមានភាពស៊ាំក្នុងសហគមន៍នៅសល់តែក្មេងតូចៗ»។ សម្តេចបានបន្តថា ក្មេងតូចៗដែលនៅសេសល់ទាំងនោះ បានទទួលវ៉ាក់សាំង៦មុខការពាររួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅមានអ្នកខ្លះធ្វើអត្ថាធិប្បាយថា ប្រហែលជាមរតកធំបំផុតរបស់ «ហ៊ុន សែន» គឺវ៉ាក់សាំង។ «ខ្ញុំគ្រាន់តែបញ្ជាក់ទៅវិញថា មរតកហ៊ុន សែន មិនមែនមានតែវ៉ាក់សាំងនោះទេ មរតកធំរបស់ ហ៊ុន សែន គឺការយកប្រជាជនចេញពីការសម្លាប់៧មករា១៩៧៩ មរតកហ៊ុន សែន ក៏បានយកប្រជាជនកម្ពុជា ចេញពីសង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ»។ នេះជាការបញ្ជាក់របស់សម្តេច។
សម្តេចបានបន្តថា មរតករបស់សម្តេចមានច្រើនទៀត ប៉ុន្តែពេលនេះសម្តេចមិនចង់បាន មរតកឬមិនមរតកទេ ប៉ុន្តែអ្វីដែលសំខាន់របស់សម្តេច គឺសុខុមាលភាពរបស់ប្រជាជន ជីវិតរបស់ប្រជាជន ត្រូវបានធានា។ «ហើយជីវិតដំបូងបំផុតមិនមែនសិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យទេ គឺសិទ្ធិរស់រានមានជីវិតដែលត្រូវទទួលបានមុនគេ»៕