សម្ដេចតេជោ៖ ការរៀបចំក្តារមឈូស សម្រាប់អ្នកស្លាប់ ដោយសារជំងឺកូវីដ មិនមែនជាការ ប្រមាថអាយុជីវិត

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរៀបចំក្តារមឈូស សម្រាប់អ្នកដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលក្រុមប្រឆាំងនិយាយថា ជាការប្រមាថអាយុជីវិតមនុស្សនោះ មិនមែនជាការពិតទេ ប៉ុន្តែការរៀបចំនេះ ជាការគោរពដល់សាកសពដែលស្លាប់។

ថ្លែងក្នុងឱកាសអញ្ជើញទទួលដោយផ្ទាល់នូវការមកដល់នៃ វ៉ាក់សាំងជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទោះបីយើង ខិតខំការពារ ក៏ប៉ុន្តែយើងមិនអាចឃាត់មនុស្ស មិនឲ្យស្លាប់បានទេ រាប់ទាំងខ្លួនខ្ញុំផងដែរ។ ដូច្នេះ ការរៀបចំក្តារមឈូស ដែលគេចាត់ទុកថា ជាការប្រមាថ តែខ្ញុំចាត់ទុកថា ជាការគោរពរបស់ខ្ញុំ ចំពោះសាកសពទាំងឡាយ ដែលបានស្លាប់ដោយសារកូវីដ១៩»។

សម្តេចបន្ថែមថា «ខ្ញុំមិនចង់ឃើញប្រជាជនកម្ពុជាណាម្នាក់ នៅពេលដែលទទួលមរណភាពដោយកូវីដ១៩ បែរជាត្រូវរុំនឹងកន្ទេល ហើយយកទៅកប់ ឬដុត ដោយគ្មានក្តារមឈូសនោះទេ។ នៅដែលខ្ញុំចង់បញ្ជាក់ ថាខ្ញុំមិនបានប្រមាថជីវិតប្រជាជនទេ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៣,៤៧៤នាក់ និងស្លាប់សរុបចំនួន ១,២២២នាក់៕