កម្ពុជា បន្តរកឃើញវត្តមាន នៃប្រភេទសត្វកម្រៗ នៅលើពិភពលោក នៅតំបន់ការពារធម្មជាតិ

0

ភ្នំពេញ៖ ជ្រូកពោនឬជ្រូកព្រុល ដែលជាប្រភេទសត្វ ស្ថិតក្នុងក្រុមមានដោយ កម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះ បន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ជាមួយប្រភេទសត្វកម្រៗ ផ្សេងទៀត ដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។ កម្ពុជាដែលត្រូវបានពិភពលោក ទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ ដោយជីវៈចម្រុះក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទ ដែលរួមានមានរុក្ខជាតិប្រមាណ ២ ៣០០ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។ ចំនួននេះអាចកើនឡើង បន្ថែមទៀត ដោយសារតែនៅមានជីវៈចម្រុះ ជាច្រើនទៀត ដែលមិនទាន់ បានសិក្សាអស់នៅឡើយ។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថាក្រុមការងារជំនាញ របស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាន នៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិ របស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ គឺជាមោទកភាព របស់កម្ពុជានិងស័ក្តិសម ដែលពិភពលោក ទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ ដោយធនធានជីវៈចម្រុះ។

លោកបានថ្លែងថា ដោយសារតែកម្ពុជា មានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិ មានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថេភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

យោងតាមការសិក្សា របស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វ ដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នង មានពណ៌ក្រម៉ៅ ជាងផ្នែកខាងក្រោម។ នៅលើក្បាល មានឆ្នូតពណ៌ចេញពីត្រចៀក កាត់តាមភ្នែក រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅ នៅសង្ខាងភ្នែក ដល់ត្រចៀក បន្ទាប់មកមានឆ្នូត ស កាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។ លក្ខណៈជីវសាស្ត្រ៖ ជ្រូកពោនជាសត្វ រស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ៣ក្បាល។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា មិនមានការសិក្សាឱ្យបានលម្អិត ពីចំនួនសត្វជ្រូកពោន នៅលើពិភពលោក និងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោន មាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្រ របស់សត្វជ្រូកពោន ក៏មានផងដែរនៅប្រទេសចិន កម្ពុជា ភូមា វៀតណាម និងកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួន មានជឿថាខ្លាញ់ជ្រូកពោន អាចយកទៅធ្វើថ្នាំបុរាណជាដើម។

គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងបុគ្គលិកអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (WA) បានជួយសង្គ្រោះសត្វជ្រូកពោន ឬជ្រូកព្រុលមួយក្បាល។ វាត្រូវបានជាប់ នៅក្នុងអន្ទាក់ ប៉ុន្តែសំណាងល្អ ដែលមន្ត្រីឧទ្យានុរក្ស ឃើញទាន់ពេល ហើយក៏បានដោះអន្ទាក់ ចេញដើម្បីឱ្យវាមានសេរីភាពវិញ។ សត្វជ្រូកព្រុលមួយក្បាលនេះ មិនមានរងរបួសអ្វីទេ ដូចនេះវាក៏ត្រូវបានដោះលែង អោយត្រលប់ចូល ទៅក្នុងព្រៃវិញ។ សត្វព្រៃនេះពិតជាមានសំណាង។ កាលពីខែមុន មន្ត្រីឧទ្យានុរក្សបានធ្វើការដកហូតសាច់ជ្រូកព្រុល មួយចំនួន ពីជំរុំ បរបាញ់ មួយកន្លែងក្នុងតំបន់ជួរភ្នំក្រវាញ។ សត្វប្រភេទនេះ ងាយនឹងរងគ្រោះ ខ្លាំងណាស់ ហើយវាក៏បានទទួលរងការគំរាមកំហែង ដោយការបរបាញ់ផងដែរ ជាពិសេសគឺអន្ទាក់ ដែលអាចចាប់គ្រប់ប្រភេទ ទាំងអស់ ដែលបានឆ្លងកាត់។

លោកនេត្រ ភក្ត្រា បានថ្លែងថាក្រសួងបរិស្ថាន បានសហការយ៉ាងរមួត ជាមួយអង្គការដៃគូដែលមានជំនាញខាងអភិរក្សដើម្បី អភិរក្សព្រៃឈើ និងសត្វព្រៃ ទាំងការពង្រឹងការអនុវត្តច្បាប់ និងអនុវត្ត គម្រោងអភិរក្សនានា។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស បានបន្តសកម្មភាពដោអអន្ទាក់ គ្រប់ប្រភេទ ចេញពីក្នុងតំបន់ ការពារធម្មជាតិ ដើម្បីសង្គ្រោះសត្វព្រៃ គ្រប់ប្រភេទ។ ក្នុងរយៈពេល ៦ខែនៃឆ្នាំ ២០២១នេះ មន្ត្រីឧទ្យានុរក្ស បានដោះអន្ទាក់បានចំនួនជិត ២ម៉ឺនអន្ទាក់ពីក្នុង តំបន់ការពារធម្មជាតិ។ មន្ត្រីឧទ្យានុរក្សនិងដៃគូនឹងបន្តកិច្ច ខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀតក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់របស់សត្វព្រៃ និងការដោះអន្ទាក់ដើម្បីសុវត្ថិភាពសត្វព្រៃ។

ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បានអំពាវនាវដល់ប្រជាជនកម្ពុជា ទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគ សាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹង អាចបង្កហានិភ័យខ្ពស់ ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ របស់កម្ពុជា ឲ្យនៅស្ថិតស្ថេរ សម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់៕