កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ពីការកើនឡើងក្នុងការប្រើប្រាស់ URL shortener ដើម្បីចែកចាយកម្មវិធីមេរោគសម្រាប់ ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។
URL shortener គឺជាវិធីសាស្រ្តបង្រួញ URL ដែលជាតំណភ្ជាប់របស់គេហទំព័រ ដើម្បីងាយស្រួលក្នុងការចម្លង ឬដើម្បីអាចផ្ញើតាមរយៈសារដែលមាន កំណត់តួអក្សរឱ្យបានខ្លីបំផុតនោះ។
នៅពេលដែលអាសយដ្ឋាន របស់គេហទំព័រត្រូវបានបង្រួញ អ្នកប្រើប្រាស់នឹងពុំអាចមើលឃើញ ឈ្មោះរបស់គេហទំព័រដើមទាំងស្រុងនោះទេ ដែលនេះអាចឱ្យជនខិលខូចបន្លំ ផ្ញើតំណភ្ជាប់ទៅគេហទំព័រ ដែលមានផ្ទុកមេរោគបានយ៉ាងងាយស្រួល។
ជនខិលខូចបានប្រើវិធីនេះ ដើម្បីបញ្ចូលព្រឹត្តិការណ៍ ទៅក្នុងប្រតិទិនរបស់ទូរសព្ទ ដើម្បីឱ្យអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ ដែលមានផ្សព្វផ្សាយពាណិជ្ជកម្ម កម្មវិធីមេរោគ ឬរូបភាពអាសអាភាស។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android វិញ ជនខិលខូចអាចបន្លំឱ្យអ្នកប្រើប្រាស់ បញ្ចូលកម្មវិធីជាច្រើនទៀត ដោយសារតែទូរសព្ទប្រភេទនេះ អាចបញ្ចូលកម្មវិធីពីប្រភពផ្សេងៗបាន។
ជាឧទាហរណ៍ពួកគេបានបង្ហាញ អ្នកប្រើប្រាស់នូវកម្មវិធីដែលមានឈ្មោះ “adBLOCK” ប៉ុន្តែតាមការពិតកម្មវិធីនេះ គឺជាកម្មវិធីដែលពួកគេចែកចាយ ដើម្បីផ្សព្វផ្សាយសារបង្ខិតបង្ខំ អ្នកប្រើប្រាស់ទាក់ទងទៅនឹង កម្មវិធីមេរោគទៅវិញ។
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រាស់ទូរសព្ទ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន នៅពេលដែលលោកអ្នកទទួល បានសារណាមួយនោះ។ សូមលោកអ្នកកុំចុច នៅលើតំណភ្ជាប់ដែលមាននៅ ក្នុងសារដែលមិនមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងពីការទាញយកកម្មវិធីមេរោគ ឬការលួចយកទិន្នន័យផ្សេងៗ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា