ទ្រាំនឹងប្ដីញៀនថ្នាំ មិនបានស្រ្តីជាប្រពន្ធ ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

0

ភ្នំពេញ៖ បើយោងតាម លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះ ឈ្មោះ ជួន វិធីវិន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីប្រើហិង្សា ក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់។

ស្រ្តីជាដើមបណ្ដឹង បានរៀបរាប់ ក្នុងពាក្យបណ្ដឹងថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ តែងតែប្រើអំពើហិង្សា មកលើរូបគាត់ ជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់បានប្រើហិង្សា មកលើរូបគាត់ម្ដងទៀត បន្ទាប់ពីប្រើប្រាស់ គ្រឿងញៀនរួច ហើយស្រ្តីជាដើមបណ្ដឹង បានរៀបរាប់ទៀតថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា ក៏ធ្លាប់ជាប់ពន្ធនាគារ ម្ដងហើយដែរ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនផងដែរ ។ ដោយស៊ូទ្រាំនឹងការប្រើហិង្សា មកលើរូបគាត់ បន្តទៀតមិនបាន ទើបរូបគាត់មកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕