ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់វិធានការជាបន្តបន្ទាប់ ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍ កំណត់ថា ឧបករណ៍នេះអាចទិញ បានតែក្នុងគោលដៅ ប្រើប្រាស់ប៉ុណ្ណោះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ បានឲ្យដឹងថា ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញា ជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់ វិធានការភ្លាមៗ នៅទីតាំងចំនួន៥និងរឹបអូស បានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះ បានបញ្ជាទិញ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រសួងបន្ដថា ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩។
ក្រសួង បន្ថែមថា បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះ នៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង។
ក្នុងករណី មានបុគ្គលណាទិញឧបករណ៍តេស្តរហ័សនេះយកទៅលក់បន្ត សូមរាយការណ៍មកលេខ ០១៧ ៨៤៨ ១០៨ ឬ ០៦៧ ៨១៨ ៧៨២ ឬ០៧៧ ៨៦៧ ៩៥៧ ដើម្បីចូលរួមចំណែកទប់ស្កាត់ជនឆ្លៀតឱកាស និងចាត់វិធានការទាន់ពេលវេលា៕