ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី យកកាំបិតផ្គាក់គំរាមកាប់ម្តាយបង្កើត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
សូមរំលឹកថា កាលនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹង របស់ស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះ សៀង មួយ អាយុ៦១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងពីកូនប្រុសបង្កើតរបស់គាត់ឈ្មោះ សៀង អឿត អាយុ២៨ឆ្នាំ បានជេរប្រមាថ និងប្រើអំពើហិង្សាដោយយកអង្រែមកវាយលើរូបគាត់ ដែលជាម្ដាយបង្កើត។ ហើយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ កូនប្រុសរបស់គាត់ បានលួចទ្រព្យសម្បត្តិក្នុងផ្ទះ យកទៅលក់ដើម្បីយកលុយទិញ គ្រឿងញៀន មកប្រើប្រាស់ និងបង្ករជម្លោះជាមួយ អ្នកជិតខាងបន្ថែមទៀត ដោយយកកាំបិតផ្គាក់ មកកាន់នឹងដៃបម្រុង កាប់គេទៀតផង ស្រ្តីដែលជាម្ដាយ ឃាត់មិនស្ដាប់ ទើបសម្រេចចិត្ត មកប្ដឹងសមត្ថកិច្ចអាវុធហត្ថក្រុង. ឱ្យជួយអន្តរាគមន៍តែម្ដង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរបស់ស្រ្តីដែលជាម្ដាយជនសង្ស័យខាងលើ លោកបានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនឈ្មោះ សៀង អឿត និងដកហូតបានកាំបិតចំនួន០១ដើម ដងឈើ ប្រវែង៦៨សង់ទីម៉ែត្រ ហើយនាំមកកាន់មូលដ្ឋានកងរាជអវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យ ក្រោយពីកម្លាំងជំនាញសួរនាំ រួចបានសារភាពថា រូបគេពិតជាបានប្រើប្រាស់ គ្រឿងញៀនជាយូរឆ្នាំមកហើយ ដោយពេលរូបគេប្រើប្រាស់ គ្រឿងញៀនម្ដងៗ រូបគេតែងតែជេរប្រមាថ និងប្រើអំពើហិង្សា លើម្ដាយបង្កើតខ្លួនឯង ពិតប្រាកដមែន ហើយរូបគេតែងតែ បង្កជម្លោះនឹងអ្នកជិតខាង ដូចម្ដាយខ្លួន រៀបរាប់ក្នុងពាក្យបណ្ដឹងផងដែរ ។
ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកការស្ដាប់ចម្លើយ របស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក សាងសំណុំរឿងបញ្ជូន មកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយទទួល បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ និងវុត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ហើយនៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះផងដែរ ៕