ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសំរេចផ្តល់ជំនួយឥតសំណង មានទឹកប្រាក់សរុបចំនួន ២.៥០០.០០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត ៣០០នាក់។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កក្កដានេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គម្រោងនេះមានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះ ពីសង្គ្រាមចំនួនជាង ១៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពី គ្រោះថ្នាក់ដោយសារមីនចំនួន ៧ខេត្ត។
សូមរំលឹកថា លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២១នេះ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណង មានទំហំថវិកាដូចឆ្នាំ២០២២ដែរនោះ និងបានរំដោះដីចំការមីន / គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត ១០៨៣ហិចតា រុករកឃើញកំទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ៥០០០គ្រាប់។
ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា គោរពអរគុណជាអនេគ ចំពោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញសំណើគាំទ្រថវិកានេះ ជាមួយប្រធានាធិបតីចិន ហើយជាបន្តបន្ទាប់រដ្ឋាភិបាលចិន បានឆ្លើយតបតាមសំនូមពររបស់សម្តេចតេជោ។
ក្នុងឱកាសនេះដែរ តាងនាមអង្គភាពស៊ីម៉ាក់ ក៏ដូចជនរងគ្រោះដោយសារមីន លោកក៏បានសំដែងនូវការដឹងគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានគាំទ្រថវិកាមនុស្សមនុស្សធម៌ ដ៏មានសារសំខាន់នេះ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពស៊ីម៉ាក់ ក្នុងការរំដោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាព និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា ៕