ភ្នំពេញ៖ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០នាទី សមត្ថកិច្ចតម្រួតខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅទី១.២០៥ បានឃាត់ខ្លួនពលករខ្មែរចំនួន ០៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិម៉ៃឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។
សេចក្ដីរាយការណ៍ពី សមត្ថកិច្ចតាមបន្ទាត់ព្រំដែន បានឲ្យដឹងថា ៖ ពលករខ្មែរចំនួន ០៥នាក់ ១-ឈ្មោះ ស្រី អ៊ីន ភេទស្រី អាយុ៣១ឆ្នាំ ។ ២-ឈ្មោះ លៀង ឡូន ភេទស្រី អាយុ២៩ឆ្នាំ ។ ៣-ឈ្មោះ ចាន់ ណារត្ន័ ភេទប្រុស អាយុ៣៧ឆ្នាំ ។ ៤-ឈ្មោះ អៀត សូម ភេទស្រី អាយុ២៣ឆ្នាំ ។ ៥-ឈ្មោះ ស៊ីង រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកមេខ្យល់ជនជាតិថៃមានឈ្មោះ ចេតតា គង់ ភេទប្រុស អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាង រថយន្តភីកអាប់ តូយ៉ូតាមួយគ្រឿង ។
ក្រោយពីឃាត់ខ្លួនពលករទាំង ៥នាក់ សមត្ថកិច្ចបាននាំមកសួរនាំ និងធ្វើកំណត់ហេតុចាប់ឃាត់ខ្លួន ។ ចំពោះមេខ្យល់ជនជាតិថៃ សមត្ថកិច្ចបានធ្វើការចោទប្រកាន់ពីបទ លួចដឹកជញ្ជូនពលករបរទេស ឆ្លងដែនដោយខុសច្បាប់ ។ ដោយឡែកពលករខ្មែរទាំង ៥នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេធ្វើការនៅផ្សារថៃ និងត្រូវការធ្វើដំណើរវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ ដោយសារស្ថានការណ៍ការរាតត្បាតជម្ងឺកូវីដ-១៩ កាន់តែរីករាលដាលខ្លាំងឡើងនោះ បានជួលរថយន្តដឹកមកព្រំដែនខេត្តស្រះកែវ តម្លៃក្នុងម្នាក់ ១,៥០០បាត ។
ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចរាល់ ពលករទាំងនោះត្រូវបានបញ្ជូនទៅ ឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ចាត់ការតាមច្បាប់បន្ត ៕