ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឡាំពិក ធ្វើការត្រួតពិនិត្យបន្ទប់លេខ១១៤ សណ្ឋាគារសេវិនដេ ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងអាវុធខ្លី ចំនួន០១ដើម ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មាន ការអនុញ្ញាត,ធ្វេសប្រហែសឲ្យជនដទៃ យកអាវុធរបស់ខ្លួន ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះមិនចាំលេខ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួនចំនួន ០២នាក់៖
១-ឈ្មោះ កែម គន្ធប័ននឺ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ គីម សម្បត្តិ ហៅ សម្បត្តិ រ៉ាឆៃ ហៅ ពៅ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះលេខ៣៣៤ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២:៣០ នាទីជនសង្ស័យចំនួន ០៣នាក់មានឈ្មោះ កែម គន្ធប័ននឺ, ឈ្មោះ គីម សម្បត្តិ ហៅ សម្បត្តិ រ៉ាឆៃ ហៅ ពៅ និងឈ្មោះ ភុង វង្សសុភាបណ្ឌិត ហៅ សី ភេទ ប្រុស អាយុប្រហែល ៣៣ ឆ្នាំ ជនជាតិ ខ្មែរ បាននាំគ្នាផឹកស្រាបៀអស់ចំនួន០១កេះ និងនាំគ្នាប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកក នៅចំណុចកើតហេតុ។ បន្ទាប់ពីជនសង្ស័យទាំង៣នាក់ ស្រវឹងស្រាបៀរ និងប្រើប្រាស់គ្រឿងញៀនរួច ជនសង្ស័យឈ្មោះ កែម គន្ធប័ននឺ បានយកអាវុធខ្លីរបស់ខ្លូនម៉ាកK៥៩ ពណ៌ ខ្មៅលាយទឹកមាស គ្មានលេខ និងបង់មួយមានគ្រាប់ចំនួន ០៥គ្រាប់ មកអាម៉េលេងហើយក៏ទុកចោលនៅលើតុ។
ភា្លមនោះជនសង្ស័យឈ្មោះ គីម សម្បត្តិ ហៅ សម្បត្តិ រ៉ាឆៃ ហៅ ពៅ បានឃើញក៏បានយកអាវុធខ្លីនោះពីលើតុ មកអាម៉េបញ្ចូលគ្រាប់រួចបាញ់ ឡើងលើចំនួន០១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ រួចជនសង្ស័យនាំគ្នាជិះម៉ូតូគេចចេញ ពីកន្លែងកើតហេតុបាត់អស់។
វត្ថុតាងចាប់យក៖ អាវុធខ្លីម៉ាកK៥៩ ពណ៌ ខ្មៅលាយទឹកមាស គ្មានលេខ និងបង់មួយមានគ្រាប់ចំនួន ០៤ គ្រាប់ ចាប់យកពីឈ្មោះ កែម គន្ធប័ននឺ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិធី៕