ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានជាថ្មីពីវីរុសបំប្លែងថ្មី ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយដែលអាចនឹងនាំឱ្យកម្ពុជា ឈានហួសបន្ទាត់ក្រហម។នេះបើយោងតាមការចុះផ្សាយរបស់ AKP។
ក្នុងសារតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកស្រី បានសង្កត់ធ្ងន់ថា ៖ «យើងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទ ដែលតា ជាបន្តបន្ទាប់ ខណៈ អាល់ហ្វា វិញ បាននិងកំពុងចរាចរយ៉ាងសកម្ម រួចទៅហើយ។ កាលពីម្សិលមានអ្នកស្លាប់ ២៧នាក់បន្ថែមទៀត ហើយបើសិនជាយើងនៅតែមិនខិតខំ អនុវត្តវិធានការការពារទេនោះ សោកនាដកម្មនៃសុខភាព សាធារណៈ អាចនឹងកើតឡើង ក្នុងពេលខាងមុខហើយ ហើយយើង ក៏អាចនឹងប្រឈមនឹង ការឆ្លងផុតបន្ទាត់ក្រហមផងដែរ»។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ក៏សូមអំពាវនាវដ៏ទទូច សូមបងប្អូនចូលរួមអនុវត្តវិធានការ ការពារឱ្យបានទាំងអស់គ្នា។
តាមរយៈបណ្តាញសង្គមធ្វីតធើផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានលើកឡើងពីកង្វល់ដែលថា ការបន្តរកឃើញករណីនាំចូលវីរុសកូវីដ-១៩ អាចនឹងនាំឱ្យមានការឆ្លងបន្តទៅក្នុងសហគមន៍។
លោកស្រីបានបន្ថែមថា វីរុសដែលតានេះ អាចឆ្លងបានរហ័សណាស់ និងអំពាវនាវដល់គ្រប់គ្នា ត្រូវតែធ្វើសកម្មភាពឱ្យបានលឿន និងដោយទទួលខុសត្រូវ ដើម្បីទប់ទល់នឹង ដែលតា ក៏ដូចជាអាល់ហ្វា។
សូមបញ្ជាក់ផងដែរថា លោកស្រី ឱ វណ្ណឌីន តែងតែព្រមានជារឿយៗ ពីគ្រោះថ្នាក់នៃការឆ្លងផុតបន្ទាត់ក្រហម ដែលអាចនឹងនាំឱ្យមានបញ្ហាធ្ងន់ធ្ងរជាងពេលនេះ និងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង និងមិនអាចគ្រប់គ្រងបាន ហើយករណីមរណភាពក៏នឹងកើនឡើងច្រើនជាងនេះ បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត។
គួររម្លឹកផងដែរថា កាលពីថ្ងៃម្សិលមិញក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណី លើអ្នកដំណើរចូលមកកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ហើយជាសរុប មានការរកឃើញវីរុសដែលតានេះចំនួន ៧៥នាក់ហើយ ហើយមួយចំនួនក៏បានព្យាបាលជាសះស្បើយហើយដែរ។ វីរុសដែលតា មានសមត្ថភាពឆ្លងលឿនជាងប្រហែល១៥ដង ហើយវីរុសអាល់ហ្វាវិញប្រហែល ៥ទៅ៧ដង នៃវីរុសកូវីដ-១៩ធម្មតាដែលមិនទាន់បំប្លែងខ្លួន ហើយវីរុសទាំងពីរនេះនឹងធ្វើឱ្យសុខភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរខ្លាំង៕