កម្ពុជា ទទួលបានឡានពេទ្យ ចំនួន៣០គ្រឿងបន្ថែមទៀត​ ពីជប៉ុន​ រដ្ឋាភិបាលជប៉ុន​

0

ភ្នំពេញ​ ៖​ ជាផ្នែកមួយ​ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី លើសាកលលោក រដ្ឋាភិបាលជប៉ុន​ បានផ្តល់រថយន្តគិលានសង្គ្រោះ​ ចំនួន៣០គ្រឿងបន្ថែមទៀត​ ជូនដល់កម្ពុជា។

នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿង​ ដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើន​ ក្នុងសប្តាហ៍នេះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់​ ស្ថានទូតជប៉ុន​ ប្រចាំកម្ពុជា​ នាថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ បានបញ្ជាក់ថាជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយ បណ្តាប្រទេសអាស៊ាន ដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តី​ស៊ីនហ្សូ អាបិ​ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ានបូកបីពិសេស​ កាលពីខែមេសា​ ឆ្នាំមុន។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុន​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសាកល។

ប្រភពដដែល​ រៀបរាប់ថា​ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត​ ដូចជា​ រថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិច​ ចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។

លើសពីនេះទៀត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក​ ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន​ បានប្រកាសថា​ ជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។

វ៉ាក់សាំងទាំងនេះ នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំ ភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។

ជាងនេះទៅទៀត​ រដ្ឋាភិបាលជប៉ុន​ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការផ្តល់នូវឧបករណ៍ចាំបាច់។ សង្ឃឹមថា​ ការផ្គត់ផ្គង់ទាំងនេះ​ នឹងអាចជួយដល់ភាគីពាក់ព័ន្ធ ផ្នែកសុខាភិបាល នៅកម្ពុជា​ ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩៕