ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចដកដំណែង លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយពីបានបង្ហោះសារក្នុងហ្វេសប៊ុក ក្នុងន័យផ្ជាញ់ផ្ចាលទៅលោក ហុង ថែម ដែលបានស្លាប់ ដោយសារជំងឺ កាលពីប៉ុន្មានថ្ងៃមកនេះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណៈភាព
បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩»។
សម្ដេចបញ្ជាក់ថា «ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាល ចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ»។
សម្ដេចសង្កតធ្ងន់ថា «ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារីអោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍»៕

