ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចអាគារខុនដូរ Sky Line ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមាន បុរសជនជាតិចិនម្នាក់ ដែលស្នាក់នៅក្នុងអាគារខុនដូរ Sky Line បានលោតសម្លាប់ខ្លួន ពីលើជាន់ទី២៩ ដោយមិនទាន់ដឹងមូលហេតុ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើត គេបានឃើញបុរសជនជាតិចិនខាងលើ បានលោតចុះពីខាងលើអាគារខុនដូរ ជាន់ទី២៩ ដោយពុំមានពាក់អាវនោះទេ ស្លៀកតែខោជើងខ្លីពណ៌ស ក៏បានទឺរនៅលើស័ង្កសី រួចក៏ធ្លាក់ចុះ មកខាងក្រោម បណ្តាលឲ្យស្លាប់តែម្តង។
ក្រោយមក ក៏មានការភ្ញាក់ផ្អើល ជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ បាននាំគ្នារាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកធ្វើការពិនិត្យទីតាំងកើតហេតុ ក្រោយពីទទួលបានព័ត៌មាននេះ លោកមេប៉ុស្តិ៍ បានចាត់មន្ត្រីចុះមកទីតាំងខាងលើ និងបានរាយការណ៍ ទៅកាន់អធិការខណ្ឌ រួចក៏រាយការណ៍ទៅសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យក្រុង ដើម្បីចុះមកធ្វើការពិនិត្យសាកសព។
មុនពេលធ្វើការពិនិត្យសាកសព បុរសជនជាតិចិនខាងលើនេះ សមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីពិនិត្យយកសំណាកតេរកមើល មេរោគកូវិត-១៩សិន មុននឹងធ្វើការពិនិត្យសពរបស់ជនជាតិចិន។
ក្រោយពីធ្វើការយកសំណាក បុរសជនជាតិ ដែលលោតសម្លាប់ខ្លួនរួចមក គឺបុរសជនជាតិចិនខាងលើទទួលលទ្ធផលអវិជ្ជមាន ហើយសមត្ថកិច្ចជំនាញក៏បានធ្វើការត្រួតពិនិត្យ នៅជុំវិញទីតាំងកើតហេតុ រឺឯសពរបស់ជនជាតិចិនខាងលើ ត្រូវបានដឹកយកទៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើការពិនិត្យ និងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យផងដែរ ៕