ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើង ដោយរថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក Lexus RCបើកបរបុរសម្នាក់ ក្នុងល្បឿនលឿន បណ្តាលឲ្យបុករះម៉ូតូ មួយគ្រឿងរងរបួសប្រុសម្នាក់ និងបន្តទៅបុកម៉ូតូ មួយគ្រឿងរងរបួសបាក់ជើងខាងស្តាំ រួចក៏ត្រូវទៅបុកគំរបលូលែង ទៅមុខរួច ហើយម្ចាស់រថយន្តបង្កបានរត់គេចខ្លួន ចូលក្នុងផ្សារ TK បាត់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅ ផ្លូវ២៨៣កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-6465 បើកបរចេញពីក្នុងបឹងកក់ តាមបណ្តោយផ្លូវ២៨៣ កែងផ្លូវ៥២៨ ក្នុងល្បឿនលឿន ហើយក៏បុកជាមួយម៉ូតូ មួយគ្រឿង ដែលឈប់អង្គុយនៅឃឿនផ្លូវ បណ្តាលឲ្យរងរបួសបែកក្បាល ហើយរថយន្តក៏បានបើករត់គេច រហូតដល់ត្រង់ចំណុចស្តុប រតនៈស្រីម៉ៅ ក៏បានបុកជាមួយម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យស្រីម្នាក់ រងរបួសបាក់ជើងខាងស្តាំ រួចរថយន្តក៏បានបន្តបើករត់គេច ថែមទៀត រហូតមកដល់ចំណុចមុខផ្សារ TK ក៏បានទៅបុកនឹងគំរបលូលែងទៅមុខរួច ហើយបើកទ្វារថយន្ត រត់គេចខ្លួនចូលទៅក្នុងផ្សារបាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានចុះមកដល់ទីតាំងកើតហេតុ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះទាំង ២គ្រឿងទៅរក្សាទុក នៅការិយាល័យនគរបាលចរចរាណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកឯ ជនបង្កសមត្ថកិច្ចកំពុង សហការជាមួយសន្តិសុខផ្សារ ដើម្បីឃាត់ខ្លួន យកមកដាក់ទោស តាមផ្លូវច្បាប់ផងដែរ៕