ភ្នំពេញ៖ ជនសង្ស័យចំនួន ១៨នាក់ ដែលស្លៀកស្បង់ជីវរក្លែងបន្លំជាព្រះសង្ឃ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ។
ដោយទទួលបានព័ត៌មានពីលោកគ្រូអនុគុណខណ្ឌកំបូល និងមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន១៨នាក់ (ម្នាក់ជាអ្នកបើកឡាន) ដោយនៅពេលព្រឹកបានស្លៀកពាក់គ្រងស្បង់ជីវរក្លែងបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូលជាយូរមកហើយ។
នៅថ្ងៃខាងលើ ជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ជីវរ ក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀតជាតៃកុងឡានត្រូវបានចាប់ខ្លួន ខណៈដែលជនសង្ស័យ តៃកុងឡាន បានបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់ពីធ្វេីការសាកសួរ ជនសង្ស័យទាំងនេះ ហើយកម្លាំងនគរបាលខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួន ជនសង្ស័យក្លែងបន្លំ ជាព្រះសង្ឃ០៨នាក់ទៀត។
ជនសង្ស័យ ជាសង្ឃក្លែងក្លាយ បន្ទាប់មកត្រូវបាន ព្រះអនុគុណខណ្ឌកំបូល ចាប់ផ្សឹក ហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរមកឲ្យសមត្ថកិច្ច ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាម នីតិវិធីច្បាប់ ៕