ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលជ័យជំនះ ខណ្ឌដូនពេញ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើប្រាស់គ្រឿងញៀន ហើយបានប្រើអំពើហិង្សា ទៅលើបុរសម្នាក់ ដោយយកដាវសាំម៉ូរ៉ៃ កាប់ជនរងគ្រោះ ស្ទើរដាច់ដៃម្ខាង ។
ជនដៃដល់ឈ្មោះ ប៊ិន កែវបញ្ញារិទ្ធ ហៅ អាម៉ល់ ភេទប្រុស អាយុ៣៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅផ្ទះលេខ៥០E2 ផ្លូវលេខ១៥៤ ក្រុម២៨ ភូមិ៧ សង្កាត់ជយ័ជំនះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចភូមិ០៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ជ័យជំនះ ឱ្យដឹងថា ជនដៃដល់ប្រើប្រាស់ថ្នាំញៀន តែងតែបង្កបញ្ហា អសន្តិសុខក្នុងមូលដ្ឋាន ។ កន្លងមកធ្លាប់ បានប្រើអំពើហិង្សា កាប់ទៅលើជនបរទេស និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន០២លើកមកហើយ ។ ដោយឡែក នៅថ្ងៃទី១៣ ខែកក្កដា ២០២១ វេលាម៉ោងប្រហែល៦ល្ងាច ជនរងគ្រោះឈ្មោះ តាំង អៀងលី ភេទប្រុស អាយុ៣០ឆ្នាំ បានដើរចេញ ពីកន្លែងធ្វើការ តាមផ្លូវលេខ១៧២ ក្រោយវត្តឧណ្ណាលោម ដើម្បីទៅរកមិត្តភក្តិ ។ ខណៈដើរមកដល់ចំណុច ផ្លូវលេខ១៥៤ មានច្រកឡើងកាំជណ្តើ រទៅលើជាន់ទី២ អែបជញ្ជាំងផ្ទះលេខ50E2 ផ្លូវលេខ១៥៤ ក្រុម២៨ ភូមិ៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជនរងគ្រោះបានឈរ នៅកាំជណ្តើរជាន់ទី២ នៅពេលនោះជនសង្ស័យ ក៏បានដើរចេញពីផ្ទះសំដៅ រកជនរងគ្រោះ ហើយឱ្យជនរងគ្រោះ ចុះពីជណ្តើរ ទៅក្រោមវិញ ប៉ុន្តែជនរងគ្រោះ មិនព្រមចុះ ពេលនោះជនសង្ស័យ បានដើរទៅផ្ទះយកដាវ មករកជនរងគ្រោះ ម្តងទៀត និងបានប្រាប់ឲ្យជនរងគ្រោះ ចុះក្រោមលើកទី២ ប៉ុន្តែជនរងគ្រោះឌឺ មិនព្រមចុះទៀត ជនដៃដល់ក៏ កាប់ទៅលើជនរងគ្រោះ ត្រូវដៃខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួន ។
ក្រោយពីកើតហេតុនោះហើយ គ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទើបនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាល ជយ័ជំនះ បានឃើញជនសង្ស័យ ឈរកាន់ដាវ នៅចំណុចផ្លូវលេខ១៧២ កែង១៩ ភូមិ៩ សង្កាត់ជយ័ជំនះ ក៏បានធ្វើការឃាត់ខ្លួន រួមជាមួយដាវ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនះ តែម្តង ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនបន្តអនុវត្តតាមនីតិវិធី ៕