ស្លុតចិត្ត! ស្រែកហៅបីម៉ាត់ ស្ដាប់មិនបានទៅដល់ផ្ទះ ទទួលដំណឹងថា លង់ទឹកស្លាប់

0

ភ្នំពេញ ៖ ស្ត្រីម្នាក់បានលង់ទឹកស្លាប់ ខណៈចុះរាវលៀស ក្នុងស្ទឹងសង្កែ នៅចំណុចមុខវេទិការអ៊ុំទូក ក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង១០នាទី ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា សាកសពឈ្មោះ ដា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅក្នុងរ៉ាជង្រុក ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរ កម្មករ ។

តាមការបំភ្លឺរបស់ឈ្មោះ ស្រីម៉ៅ ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងរ៉ាជ្រុក ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មុខរបរជាកម្មករ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៧និង៣០នាទី ខ្លួនកំពុងរាវលៀស នៅក្រោមស្ពាន សម្ដេចក្រឡាហោម ស ខេង ខ្លួនបានឃើញជនរងគ្រោះ និងមិត្តភក្តិ២នាក់ទៀត អង្គុយហូបបាយ និងផឹកស្រា នៅក្រោមស្ពាន ។ មួយសន្ទុះខ្លួន បានឃើញឈ្មោះ ដា ចុះមករាវលៀសដែរ ហើយមិត្តភក្តិ របស់គាត់បានឡើងទៅលើវិញ អស់បានមួយសន្ទុះ ខ្លួនបានឃើញឈ្មោះ ដា (សាកសព) លើកដៃហើយស្រែកហៅ ខ្លួនបីម៉ាត់ តែខ្លួនស្ដាប់មិនបាន ហើយស្មានតែឈ្មោះ ដា លើកដៃលេង​ខ្លួនក៏បានឡើងទៅលើគោកវិញ ហើយក៏ត្រឡប់ទៅផ្ទះវិញ រហូតមកដល់ម៉ោង០៧និង១០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខ្លួនបានទទួលដំណឹងថា ឈ្មោះ ដា លង់ទឹកស្លាប់បាត់ហើយ ។

ក្រោយពីទទួលបាន សេចក្តីរាយការណ៍ ករណីខាងលើ កម្លាំងផ្នែកជំនាញ សហការជាមួយ លោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុ លើសាកសព ដោយបានស្និដ្ឋានថា ជនគ្រោះឈ្មោះ ដា ពិតជាលង់ទឹកស្ទឹងសង្កែ ស្លាប់ពិតប្រាកដមែន រួចបានប្រគល់ជូន ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕