ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងពីករណីរកឃើញ អ្នកចាក់វ៉ាក់សាំងទី ៥លាន ដែលនឹងទទួលបានថវិកាឧត្ថម្ភពីសម្ដេច ចំនួន ១០លានរៀល ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ ចំពោះលោកតា ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។
សម្ដេចបន្តថា លោកស្រី ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។
សម្ដេចតេជោ ក៏បានអរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ សម្ដេចបានកោតសរសើរ ក្រុមគ្រូពេទ្យនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន ៥០ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់ ១០លាននាក់ ៕