ភ្នំពេញ៖ បុរសម្នាក់ ក្នុងចំណោម ប្រជាកសិករ ប្រមាណ១០នាក់ បានស្លាប់ ក្នុងឧបទ្វវហេតុ បាក់ដីសង្កត់លើ ខណៈពេលដែលកំពុងនាំគ្នា ចុះស្តារប្រឡាយ ដើម្បីអោយទឹកហូរលឿន។ ឧបទ្វវហេតុនេះ បានកើតឡើង កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉១៩:០០នាទី នៅចំនុចតាមប្រឡាយ ស្ថិតក្នុងក្រុមទី០៩ ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ផេង ផាន ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បានស្លាប់ពេលបញ្ជូន ដល់មណ្ឌលសុខភាព ឃុំបាសាក់។
សមត្ថកិច្ចបានបញ្ជាក់ថា សពខាងលើ និងប្រជាកសិករ ប្រមាណ១០នាក់ បាននាំគ្នា ចុះស្តារប្រឡាយ (ដីបាក់ចូល) ដើម្បីអោយទឹកហូរបានលឿន ខណ:ពេលកំពុងតែកាយដី ចេញពីប្រឡាយ នោះ ស្រាប់តែដីបាក់សង្កត់ ត្រូវចំតែម្តង។
ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យរួចរាល់ បានប្រគល់សពខាងលើ អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕


