ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ ១លានដូសដល់កម្ពុជា ។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៣ កក្កដានេះ បានឲ្យដឹងថា វ៉ាក់សាំងដែលត្រូវបានផ្ដល់ អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។
តាមរយៈសេចក្ដីប្រកាសនេះដែរលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងនូវក្ដីសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍ មួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាល នៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោកទូតបន្តថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយ ស្មើនឹងសរុបប្រមាណ ច្រើនជាង ៥០លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជនដែលរងផលប៉ះពាល់ ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
លោកក៏បានឆ្លៀតក្នុងឱកាសនេះ សម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលត្រូវខិតខំប្រឈមនឹង ស្ថានភាពដ៏លំបាកនេះ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជា ដែលជាមិត្តដ៏សំខាន់របស់យើង។
លោកទូតសង្ឃឹមថា ស្ថានភាពនឹងអាចល្អប្រសើរឡើង ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ ៕