ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១និង១៥នាទីព្រឹក នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២៣-២២៤ ត្រង់ចំណុចក្រុមទី១១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនដឹកទំនិញធំ ១គ្រឿង បានបុកជាមួយគោយន្តកន្ត្រៃ បណ្តាលអោយមនុស្សចំនួន ៧នាក់ រងរបួសធ្ងន់-ស្រាល ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាកFUSO ធុនដឹកទំនិញធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9924 អ្នកបើកបរមិនដឹងអត្តសញ្ញាណ (រត់គេចខ្លួន) បើកបរទិសដៅពីភ្នំពេញទៅបាត់ដំបង ។
លោកអធិការបន្តថា ពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុខាងលើ បានបុកជាមួយគោយន្តកន្ត្រៃ ១គ្រឿង ម៉ាកគូបូតា កម្លាំង១៤សេស មានសណ្ដោងរ៉ឺម៉កជិះមានគ្នាចំនួន ៧នាក់ អ្នកទាំង៦រស់នៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ចជំនាញបានបន្តថា រថយន្តធុនធំធ្វើដំណើរស្របទិសគ្នា និងគោយន្តកន្ត្រៃបានបុកពេញទំហឹង បណ្ដាលឲ្យរថយន្តនិងគោយន្ដកន្ត្រៃ សណ្តោងរ៉ឺម៉កធ្លាក់ពីលើផ្លូវទៅខាងស្តាំដៃចូលប្រឡាយ ទើបបណ្តាលអោយមនុស្សរងរបួសទាំង៧នាក់។
ករណីនេះ កម្លាំងជំនាញបានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងនាំយកមធ្យោបាយបង្កទាំងពីរ យកមករក្សាទុកនៅស្រុកអធិការដ្ឋាននគរបាលស្រុក រង់ចាំចំណាត់ការតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ៕