ផ្អើលភ្ញៀវពេញហាង! ស្រវឹងស្រៀងៗ ខឹងហៅនារីមកអង្គុយជិតមិនបាន បុរស៤នាក់ បោកកែវ បោកចាន

0

ភ្នំពេញ ៖ មានបុរស៤នាក់ ត្រូវបានសមតកិច្ចខណ្ឌចំការមន ធ្វើការឃាត់ខ្លួន ខណៈពេលចូលផឹកស៊ី ក្នុងភោជនីយដ្ឋានមួយកន្លែង លុះស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែរករឿងបោកកែវ បោកចាន ផ្អើលអស់ភ្ញៀវរត់ចែកជើងគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី៩ ខែកក្កដា នៅក្នុងភោជនីយដ្ឋានយីហោ «ផ្ទះអង្គរ២» ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

បុរសទាំង៤នាក់ដែលចូលផឹកស៊ី អុកឡុក បោកកែវ បោកចានខាងលើ សមត្ថកិច្ចមិនទាន់អោយស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជិះរថយន្តម៉ាកឡិចស៊ីស RX៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BI 1382 មកជាមួយ ។

តាមប្រភពពីបុគ្គលិក ក៏ដូចជាសន្តិសុខ ដែលយាមនៅក្នុងហាងខាងលើ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានបុរស៤នាក់ បាននាំគ្នាជិះរថយន្តឡិចស៊ីស RX៣៣០ពណ៌ស្ករមួយគ្រឿង មកចូលផឹកស៊ីក្នុងភោជនីយដ្ឋាន ។

ប្រភពដដែលបន្តថា លុះពេលផឹករាងស្រវឹងរៀងៗខ្លួន ក៏ទាមទាររកនារីៗ មកអង្គុយកំដរជាមួយ តែដោយសារតែបុរសទាំងនោះ មកម្ដងៗចេះតែរញ៉េរញ៉ៃពេក ទើបនារីៗ មិនព្រមមកអង្គុយជាមួយនោះទេ ទើបធ្វើអោយក្រុមបុរសទាំងនោះខឹងក៏បានទាញ់កែវ និងចានបោកនៅក្នុងហាង បង្កអោយមានការភ្ញាក់ផ្អើលដល់ភ្ញៀវដទៃទៀតៗភ័យក៏នាំគ្នាគិតលុយចេញទៅបាត់អស់ មិនតែប៉ុណ្ណោះមានបុរសម្នាក់ ក្នុងចំណោម៤នាក់នោះ បានបោះពាក្យសម្តី រកផ្ទុះអាវុធថែមទៀត ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ និងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅកន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបុរសទាំង៤នាក់នោះយកទៅសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ភ្លាមៗតែម្ដង។

ដោយឡែកខាងបុរស៤នាក់ខាងលើ នៅពេលដែលសមត្ថកិច្ចមិនទាន់ឃាត់ បាននិយាយថា ពួកគាត់គ្រាន់តែក្រវាត់ដៃត្រូវកែវ និងចានតែប៉ុណ្ណោះ ដោយមិនបានបោកអីនោះទេ ។ ក្រោយពេលកើតហេតុ អាជ្ញាធរបានកោះហៅម្ចាស់ហាង និងភាគីបង្ក ទៅដោះស្រាយគ្នា ដោយខាងភាគីបង្កក៏យល់ព្រម បានចេញសងថ្លៃខូចខាត បែកចានកែវក្នុងហាងនោះ ហើយសមត្ថកិច្ច ក៏បានធ្វើការណែនាំដល់ម្ចាស់ហាង ឲ្យបើកលក់ត្រឹមម៉ោង៩យប់ តែប៉ុណ្ណោះ ៕