នាយករដ្ឋមន្ត្រី អំពាវនាវឲ្យចូលរួមថែរក្សាការពារ ប្រាសាទបូរាណ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់ (Video)

0

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវចូលរួមថែរក្សាការពារ ប្រាសាទបូរាណទាំងអស់ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ៧ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះគឺជាខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។

សម្ដេចបន្ថែមថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «សូមចូលរួមថែរក្សាការពារ ប្រាសាទបូរាណទាំងអស់ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់» ៕