ភ្នំពេញ៖ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ តនៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ចុះពិនិត្យ និងកោសល្យវិច្ច័យសាកសពបុរស៣នាក់បន្ទាប់ពីនាំគ្នាផឹកស្រាថ្នាំ ។ករណីនេះ បានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣និង:៣០ នាទី នៅចំណុចភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ៖ ជនរងគ្រោះ៣នាក់ ទី១-ឈ្មោះ ម៉ែន សាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកេីតហេតុ, ទី២-ឈ្មោះ ហាក់ គឺមស្រុី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុនិងទី៣-ឈ្មោះជួន ប៉ុន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកេីតហេតុ។
ប្រភពដដែលបន្តថា ៖ កន្លងមកជនរងគ្រោះទាំង០៣នាក់ខាងលើ បានផឹកស្រាជាប្រចាំ ពុំសូវហូបបាយហូបទឹកទេ រហូតដល់មានសភាពញៀនស្រា លុះដល់ថ្ងៃទី០២.កក្កដាឆ្នាំ.២០២១ ម៉ោង៨:០០នាទី ឈ្មោះ ហាក់ គឹមស៊្រី បានប្រើកូនរបស់ខ្លួន ឲ្យទៅទិញស្រាថ្នាំពីផ្ទះឈ្មោះ ជា សំអាត ភេទស្រី ចំនួនកន្លះលីត្រ យកមកផឹកនៅផ្ទះរបស់ខ្លួនជាមួយឈ្មោះ ម៉ែន សាន អស់ចំនួន០១ដបស្មើនឹងកន្លះលីត្រ បន្តែនៅសល់បាតដបបន្តិច ហើយដល់ថ្ងៃទី០៣.ខែឆ្នាំដដែល វេលាម៉ោង១០:០០នាទី ឈ្មោះ ហាក់ គឹមស្រ៊ី បានកាន់ស្រាថ្នាំ០១ដបស្មើនឹងកន្លះលីត្រ ទៅផឹកនៅរោងកាត់សក់របស់ឈ្មោះ នាង យាន ម្នាក់ឯងតែមិនដឹងទិញពីផ្ទះណាទេ ក្លែមផ្លែពុទ្រា រហូតដល់ម៉ោង១៦:០០នាទី ទើបឈ្មោះ ហាក់ គឹមស្រ៊ី ត្រលប់មកផ្ទះវិញ ឯឈ្មោះ ម៉ែន សាន និងឈ្មោះ ជួន ប៉ុន មិនដឹងផឹកស្រានៅកន្លែងណាទេ រហូតមកដល់វេលាម៉ោង២៣:៣០នាទី ថ្ងៃដដែល ឈ្មោះ ម៉ែន សាន មានសភាពពិបាកដកដង្ហើម ពេលនោះបងប្អូនបានកោសខ្យល់ឲ្យ និងធ្វើចលនា តែឈ្មោះ ម៉ែន សាន បានស្លាប់បាត់បង់ជីវិតទៅហើយ លុះដល់ម៉ោង២:០០ នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី០៤.០៧.២០២១ ឈ្មោះ ជួន ប៉ុន ក៏មានសភាពថប់ដង្ហើម និងបែកពពុះមាត់ ហើយក៏ស្លាប់បាត់បង់ជីវិត និងដល់ម៉ោង២:៣០នាទីរលងអាធ្រាត្រ ថ្ងៃដដែល ឈ្មោះ ហាក់ គឹមស៊្រី ក៏មានសភាពថប់ដង្ហើម ហូរទឹកមាត់និងប្រកាច់ ពេលនោះប្រពន្ធកូនបានជួយធ្វើចលនា តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិត បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម រួចគ្រូពេទ្យបានចុះយកសំណាករកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមានទាំង០៣នាក់ ហើយសមត្ថកិច្ចការិយាល័យជំនាញខេត្ត សហការណ៍ជាមួយកម្លាំងជំនាញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប៉ុស្តិ៍ ពេទ្យបង្អែកស្រុក ពេទ្យមណ្ឌលសុខភាពឃុំ និងក្រុមគ្រួសារសព បានពិនិត្យសាកសពយ៉ាងហ្មត់ចត់ឃើញថា សាកសពទាំង០៣ មានសភាពករឹង អញ្ចាញធ្មេញពណ៌ស្វាយ ចុងដៃនិងចុងជើងពណ៌ស្វាយ ផ្នែកក្បាល ដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
សន្និដ្ឋាន ៖ តាមយោបល់គ្រូពេទ្យ និងជំនាញ ជនរងគ្រោះ ទាំង០៣នាក់ស្លាប់ដោយសារគាំងបេះដូង (អាចបណ្តាលមកពីផឹកស្រាច្រើន) ក្រោយពិនិត្យរួចបានប្រគល់សពទាំង០៣នាក់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណៃ ៕