ភ្នំពេញ៖ បើតាមរបាយការណ៍ របស់លោកអធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថាអគ្គិភ័យ បានឆេះរោងស្តុកសម្ភារអាពាហ៍ពិពាហ៍ ទំហំ១៥ម៉ែត្រx២៣ម៉ែត្រ អស់ទាំងស្រុង និង ឆេះរាលដល់រោងស្តុកទុកដែកជន្ទារ ទំហំ១២ម៉ែត្រx២៣ម៉ែត្រ ចំនួន១រោង (ឆេះអស់៥០ភាគរយ) និងឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល១០ភាគរយ។
របាយការណ៍ដដែលបន្តថា នៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍នៅចំណុច ផ្លូវលំ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់រងគ្រោះឈ្មោះ អ៊ុន សុខឈាន់ ភេទប្រុស អាយុ៣២ឆាំ្ន មុខរបរ ម្ចាស់ឃ្លាំងសម្ភារពិធីមង្គលការ ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី។ របាយការណ៍បញ្ជាក់ថា ក្នុងហេតុការណ៍ ខាងលើពុំបណ្តាល ឲ្យមានមនុស្សស្លាប់ឬរបួសទេ។ ក្នុងកិច្ចអន្តរាគមន៍សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕